ជាតិ
វីដេអូ
អ្នកស្រី សោម ស៊ីថា សាទរការរឹតបន្តឹងការប្រឡងគ្រូ ដើម្បីស្វែងរកបេក្ខជនពូកែពិត
05, May 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី សោម ស៊ីថា ជាអាណាព្យាបាលបេក្ខជនមកពីខេត្តស្វាយរៀង ដែលមកប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នៅរាជធានីភ្នំពេញ នាថ្ងៃទី៥ ឧសភានេះ។ អ្នកស្រី សោម ស៊ីថា សប្បាយចិត្តចំពោះការរឹតបន្តឹងការប្រឡង ដើម្បីស្វែងរកបេក្ខជនមានសមត្ថភាពពិតប្រាកដ។


 
«ប្រសិនបើកូនជាប់មិនដឹងសប្បាយរីករាយប៉ុនណាទេ»។ នេះជាពាក្យពេចន៍របស់អ្នកស្រី សោម ស៊ីថា ដែលមានក្ដីសង្ឃឹមលើកូនស្រីតែម្នាក់ មកប្រឡងគ្រូអនុវិទ្យាល័យ។ អ្នកស្រី សោម ស៊ីថា និងកូនស្រី បានធ្វើដំណើរពីខេត្តស្វាយរៀង នៅម៉ោងជាង ៥ព្រឹក ដើម្បីជូនកូនស្រីមកប្រឡងគ្រូនៅម៉ោង៤រសៀល នាសាលាភូមិន្ទរដ្ឋបាល។
 
ការប្រឡងជ្រើសរើសមន្រ្តីរាជការក្នុងអាណត្តិទី៧នេះ មានការកំណែទម្រង់ដោយឈរលើគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យនៅថ្ងៃទី៥ ឧសភានេះ អ្នកស្រី សោម ស៊ីថា អាណាព្យាបាល បេក្ខជនមកពីខេត្តស្វាយរៀង បានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះការរឹតបន្តឹង ដើម្បីស្វែងរកបេក្ខជនមានសមត្ថភាពពិតប្រាកដ។


 
អ្នកស្រី សោម ស៊ីថា ក៏បានរៀបចំបាយទឹកសម្រាប់កូនស្រីវ័យជាង២០ឆ្នាំផងដែរ។ ម្ដាយវ័យ ៦០ឆ្នាំនេះ រំឭកថា៖ «ដើម្បីកូន ទោះបីក្រ រកស៊ីឈ្នួលគេយ៉ាងណា ក៏ដើម្បីឱ្យកូនរៀនឱ្យបានចប់ដែរ»។ ចំពោះអ្នកស្រី ស៊ីថា អាជីពជាគ្រូបង្រៀន ជាអាជីពមួយដ៏ល្អ ដែលអាចបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ។
 
សូមអញ្ជើញទស្សនាបទសម្ភាសខ្លីខាងក្រោមដូចតទៅ៖
 
 
សូមបញ្ជាក់ថា ពីថ្ងៃទី២-៥ ខែឧសភា គឺជាដំណើរការនៃការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ។ ការប្រឡងនេះ រៀបចំនៅសាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ 
 
ដំណើរការប្រឡងទាំង៤ថ្ងៃនេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ៣៣ ៣១៤នាក់។ ក្នុងចំណោមបេក្ខជនទាំងនេះ នឹងសម្រាំងលើកទី១ ចំនួន ១ ៣២៣នាក់ ដើម្បីទៅប្រឡងវគ្គទី២ ដោយសម្រាំងយកបេក្ខជនត្រឹមតែ ៤៤១នាក់ប៉ុណ្ណោះ៕
 






Tag:
 ប្រឡងគ្រូ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com